គម្រោងអភិវឌ្ឍធនធាននៃការអប់រំផ្នែកវិទ្យាសាស្រ្ត និងគណិតវិទ្យានៅកម្រិតបឋមភូមិ ហៅកាត់ថា “STEPSAM3” គឺជាគម្រោងផ្នែកអប់រំមួយដែលអនុវត្តដោយក្រសួង អប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តការជប៉ុនប្រចាំកម្ពុជា បានចាប់ផ្តើមពី ខែមិថុនា ឆ្នាំ 2013 ដល់ខែឧសភា ឆ្នាំ 2016 នៅក្នុងរាជធានី/ខេត្តចំនួន 6 មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តបាត់ដំបង។ គម្រោងមានសកម្មភាពចម្បងចំនួន 2 គឺការកសាងសៀវភៅណែនាំសម្រាប់គ្រូបង្រៀន និងការអនុវត្តកម្មវិធីបំប៉នសម្រាប់គ្រូបង្រៀនគណិតវិទ្យា និងវិទ្យាសាស្រ្តកម្រិតបឋមភូមិ។ សៀវភៅណែនាំសម្រាប់គ្រូបង្រៀនរបស់គម្រោង STEPSAM3 គឺត្រូវបានកសាងឡើងដើម្បីជួយគ្រូបង្រៀនទទួលបានចំណេះដឹងនិងបំណិនចាំបាច់នានា ដើម្បីអភិវឌ្ឍការបង្រៀន របស់ពួកគាត់ ហើយក៏បានផ្តល់នូវសកម្មភាពបន្ថែម ការធ្វើពិសោធ និងលំហាត់ ដែលជួយពង្រឹងការយល់ដឹងរបស់សិស្សលើមុខវិជ្ជាទាំងនេះ។ កម្មវិធីបំប៉នរបស់គម្រោងមានវិសាលភាពគ្របដណ្តប់សាលាវិទ្យាល័យទាំងអស់ដែលមានអនុវិទ្យាល័យនៅក្នុងរាជធានី/ខេត្តគោលដៅទាំង 6 និងបានអញ្ជើញលោកគ្រូ/អ្នកគ្រូតំណាងមុខវិជ្ជាទាំង 5 (គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងផែនដីវិទ្យា) មកពីសាលានីមួយៗ។ គ្រូឧទ្ទេសគណិតវិទ្យា និងវិទ្យាសាស្រ្តនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ (RTTCs) មានតួនាទីស្នូលនៅក្នុងគម្រោងគឺជាសមាជិកក្រុមការងារកសាងសៀវភៅណែនាំសម្រាប់គ្រូបង្រៀន និងជាគ្រូឧទ្ទេសនៅក្នុងកម្មវិធីបំប៉នដែលធ្វើឡើងនៅក្នុងRTTCs របស់ពួកគាត់។